
ខេត្តបន្ទាយមានជ័យ ÷ គិតត្រឹមថ្ងៃទី ១១ខែតុលាឆ្នាំ ២០២១ នេះ ទាំង ៩ ស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់សរុប 48 ខ្សែប្រវែង 437,000ម៉ែត្រ បើធៀបទៅនឹងឆ្នាំ 2020 ផ្លូវជនបទរងផលប៉ះពាល់ទឹកជំនន់សរុបទូទាំងខេត្តចំនួន 68 ខ្សែប្រវែង 764,000ម៉ែត្រ នេះគឺជារបាយការណ៍សង្ខេបរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នាឱកាស ប្រតិភូរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានលេខាធិការដ្ឋាន ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការអនុប្រធានលេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពីសំណាក់លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី 11 ខែតុលាឆ្នាំ 2021 ក្នុងការអញ្ជើញចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ជនបទដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ។


លោក ជា យុទ្ធារុណ បានបញ្ជាក់បន្ថែមថា តាមការចុះពិនិត្យជាក់ស្ដែងពី ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងចក្រផលប៉ះពាល់ ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងឆ្នាំ 2021 នេះ បានធ្វើឲ្យខូចខាតរួមមានផ្លូវលិចទឹកប្រវែង 117,940ម៉ែត្រ ទឹកហូរច្រោះជើងទេ ឬតួផ្លូវប្រវែង 66,110ម៉ែត្រ ហូដាច់តួផ្លូវ មិនអាចធ្វើដំណើរបានចំនួន 16 ខ្សែប្រវែង 1,950ម៉ែត្រ បាក់សំណង់លូគ្រប់ប្រភេទ ចំនួន 3 កន្លែង អណ្ដូងស្នប់លិចទឹក 1,358អណ្ដូង បង្គន់អនាម័យគ្រួសារ លិចទឹកសរុបចំនួន 7,450បង្គន់ និងបង្គន់អនាម័យសាធារណៈចំនួន 253បង្គន់។


ក្នុងការចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ះពាល់ខូចខាត ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកន្លងមកនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានយើងដូចនេះថា….?
សូមបញ្ជាក់ថាប្រតិភូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវជនបទចំនួន 5 ខ្សែវែងៗរួមមានផ្លូវក្រាលគ្រោះក្រហម ស្ថិតនៅឃុំប៉ោយចារស្រុកភ្នំស្រុក ផ្លូវគ្រោះក្រហម ឃុំ សឿ ស្រុកមង្គលបូរី ផ្លូវគ្រោះក្រហម ឃុំ ចង្ហា ស្រុកអូរជ្រៅ ផ្លូវក្រាលគ្រោះក្រហម សង្កាត់និមិត្តក្រុងប៉ោយប៉ែត និងផ្លូវ ក្រាលគ្រោះក្រហម+បេតុង ស្ថិតនៅឃុំ និមិត្តស្រុកអូរជ្រៅ គោលបំណងដើម្បីធ្វើការវាយតម្លៃនិងរៀបចំជួសជុល និងស្ដារឡើងវិញនាពេលខាងមុខ នេះ ផងដែរ ។

Leave a Reply