
រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំណុចជិតផ្លូវចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាលឋានន្តរស័ក្ដិ អនុសេនីយ៍ឯក នាយរងផ្នែកថែរក្សា អាសយដ្ឋាន ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

មុនពេលកើតហេតុរថយន្តបែនដឹកខ្សាច់ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0858 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ ហ្វីណូ ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1S-6793 ជិះដោយមន្ត្រីនគរបាលម្នាក់ ស្របទិសគ្នាពេញទំហឹងប៉ើងផ្ទប់ នឹងបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ចំណែករថយន្តបង្កព្យាយាមបើករត់ប្រមាណជាងមួយរយម៉ែត្របានឈប់រថយន្តរត់គេចខ្លួនបាត់។ ដោយឡែកសពជនរងគ្រោះត្រូវបាន រថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply