ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣

បាងកក: ទិន្នន័យគយថៃ បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ដោយកើនឡើង៩.៤៧%បើធៀបនឹងជាង៤៣៨លានដុល្លារ ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំហំនៃការជួញដូររវាងកម្ពុជា និងថៃ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ សម្រេចបានជាង១,៧ពាន់លានដុល្លារ ដោយធ្លាក់ចុះ៨,៧៨%ដូចបានបង្ហាញតាមរយៈតួលេខគយថៃ ដែលត្រូវបានប្រមូលចងក្រងក្នុងព្រឹត្តិបត្រ “ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិ”។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា។ ទន្ទឹមនឹងនេះដែរ កម្ពុជា បាននាំចូលទំនិញពីប្រទេសថៃ ក្នុងទំហំជាង១,២ពាន់លានដុល្លារ ដោយធ្លាក់ចុះ១៤,៣៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មទំនិញធំបំផុតទី៤ របស់កម្ពុជា សម្រាប់រយៈពេល៥ខែដើមឆ្នាំនេះ បន្ទាប់ពីចិនដីគោក (ក្នុងទំហំ៥,០៧ពាន់លានដុល្លារ) សហរដ្ឋអាមេរិក (ក្នុងទំហំជាង៣,២៩ពាន់លានដុល្លារ) និងប្រទេសវៀតណាម (ក្នុងទំហំជិត២,៩ពាន់លានដុល្លារ)។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការនាំចេញភាគច្រើនរបស់កម្ពុជា ទៅកាន់ប្រទេសថៃ គឺជាផលិតផលកសិកម្ម ឬគ្រឿងអេឡិចត្រូនិកដែលផលិតនៅជិតព្រំដែន។

លោកអះអាងថា ការកើនឡើងនូវការនាំចេញរបស់កម្ពុជា បង្ហាញពីការកើនឡើងនូវសមត្ថភាពផលិតក្នុងស្រុក ខណៈក្រុមហ៊ុនបរទេសកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា និងធ្វើពិពិធកម្មការវិនិយោគរបស់ពួកគេលើគ្រប់វិស័យ។

កំណើននៃប្រាក់ចំណូលបានពីការនាំចេញមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតការងារជូនប្រជាពលរដ្ឋផងដែរ ដោយលោកអះអាងថា ព្រំដែនរួមរបស់របស់កម្ពុជា និងថៃ នឹងធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងឈានដល់កម្រិតខ្ពស់មិនធ្លាប់មាន៕ Bangkok Post៕

Leave a Reply

Your email address will not be published. Required fields are marked *