រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃអង្គារ បានពិភាក្សាអំពីយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការដោះស្រាយបញ្ហាប្រឈមរួមក្នុងវិស័យនានាដូចជា ធនធានទឹក ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
លោក ថោ ជេថ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជួបជាមួយគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក Wan-sup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៥ ខែមីនា។
ភាគីទាំងពីរបានចូលរួមក្នុងកិច្ចពិភាក្សាស៊ីជម្រៅលើវិស័យសំខាន់ៗចំនួនបួននៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការដោះស្រាយបញ្ហាប្រឈមរួមគ្នា។
កម្ពុជា និងកូរ៉េបានស្វែងរកមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទឹក ដោយអនុវត្តកម្មវិធីកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត ការប្រើប្រាស់បច្ចេកវិទ្យាទឹកឌីជីថលសម្រាប់ការព្យាករណ៍ និងការត្រួតពិនិត្យ និងការពង្រីកប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹក។
ក្រៅពីនេះ ភាគីទាំងពីរបានពិភាក្សាលើការចែករំលែកចំណេះដឹង និងជំនួយបច្ចេកទេស ដោយផ្តោតលើការផ្តល់ជំនាញលើគំរូជលសាស្ត្រកម្រិតខ្ពស់ ការគ្រប់គ្រងគ្រោះមហន្តរាយ និងគោលនយោបាយទឹកប្រកបដោយចីរភាព រួមជាមួយនឹងកម្មវិធីបណ្តុះបណ្តាលនិងកសាងសមត្ថភាពដល់មន្ត្រីគ្រប់គ្រងទឹកកម្ពុជា។
លោក ជេដ្ឋា និងលោក Kim ក៏បានស្វែងរកមូលនិធិ និងឱកាសវិនិយោគផងដែរ ក្នុងគោលបំណងធានាបាននូវជំនួយឥតសំណងដ៏មានសក្តានុពល កម្ចីសម្បទាន និងការវិនិយោគពីវិស័យឯកជនពីប្រទេសកូរ៉េ សម្រាប់គម្រោងទឹកជាអាទិភាពរបស់កម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការពង្រីកសមត្ថភាពរបស់មូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) ដើម្បីគាំទ្រគម្រោងខ្នាតធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូបានលើកឡើងអំពីអភិបាលកិច្ចទឹកក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការមេគង្គ ដោយសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ នៅក្នុងគណៈកម្មការទន្លេមេគង្គ ខណៈពង្រឹងយុទ្ធសាស្ត្រគ្រប់គ្រងទឹករបស់ព្រះរាជាណាចក្រកម្ពុជា ដោយដាក់បញ្ចូលនូវឧត្តម្មានុវត្តន៍របស់ប្រទេសកូរ៉េ។
យោងតាមសេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ដើម្បីដោះស្រាយបញ្ហាប្រឈមកន្លងមក និងបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការពង្រឹងការគ្រប់គ្រងធនធានទឹក ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងឱកាសផ្តល់មូលនិធិ។
សេចក្តីប្រកាសបានបន្ថែមថា ក្រសួងបរិស្ថាននៃប្រទេសកូរ៉េបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់គម្រោងមួយក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីក្នុងការអង្កេតជលសាស្ត្រ។
គួរជម្រាបថា កាលពីថ្ងៃទី១០ ខែមីនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរាយការណ៍ថា បំណុលសាធារណៈរបស់កម្ពុជាបានកើនលើស ១២ ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២៤ ដោយប្រទេសកូរ៉េបានក្លាយជាម្ចាស់បំណុលទ្វេភាគីកំពូល ដែលមានទឹកប្រាក់ប្រមាណ ២៦៥ លានដុល្លារ។ នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ ១១ ភាគរយ ធៀបនឹង ២៣៨.១ លានដុល្លារដែលជំពាក់កូរ៉េក្នុងឆ្នាំ២០២៣៕
Leave a Reply