ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញមន្ត្រីក្រោមឱវាទពាក់ព័ន្ធកំណត់អាទិភាពពីតម្រូវការគ្រឿងឧបភោគបរិភោគចាំបាច់ សម្ភារសិក្សា និងតង់ ដើម្បីប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពសម្រាប់ជនភៀសសឹក ព្រមទាំងពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធបង្រៀន និងរៀនពីចម្ងាយ។
ការជំរុញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការដើម្បីជួយគាំទ្រសាលារៀនដែលរងប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់។
ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានណែនាំឱ្យបន្តយកចិត្តទុកដាក់តាមដានបច្ចុប្បន្នភាពនៃការវិវឌ្ឍថ្មីៗនៅតាមតំបន់ព្រំដែន ដើម្បីផ្តល់ការគាំទ្រទាន់ពេលវេលាឆ្លើយតបនឹងតម្រូវការជាក់ស្តែង។

រដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់មន្ត្រីជំនាញត្រូវផ្តោតលើការតាមដានសភាពការណ៍ឱ្យបានដិតដល់ និងពិនិត្យលទ្ធភាពជួយគាំទ្រតាមភាពជាក់ស្តែង ព្រមទាំងរៀបចំក្រុមជាក់លាក់ ដើម្បីទទួលបន្ទុកអនុវត្តនិងតាមដាននៃការវិវឌ្ឍថ្មីៗនៅតាមតំបន់ព្រំដែន និងរៀបចំរបាយការណ៍ពីស្ថានភាពបុគ្គលិកអប់រំ គ្រូបង្រៀន សិស្ស និងក្រុមគ្រួសារជាប្រចាំថ្ងៃ ព្រមទាំងរៀបចំសេចក្តីរាយការណ៍ព័ត៌មាន។
លើសពីនេះក៏ត្រូវកំណត់អាទិភាពតម្រូវការដែលរួមមាន គ្រឿងឧបភោគបរិភោគចាំបាច់ សម្ភារសិក្សា និងតង់ ដើម្បីប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពសម្រាប់ជនភៀសសឹក ជាពិសេសត្រូវពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធដើម្បីរៀនពីចម្ងាយ។
រដ្ឋមន្ត្រីបានជំរុញឱ្យរៀបចំលិខិតអំពាវនាវស្វែងរកការចូលរួមសហការ ដើម្បីផ្តល់ការគាំទ្រទាំងសម្ភារ និងថវិកាពីសំណាក់ដៃគូអភិវឌ្ឍ អង្គការដៃគូ វិស័យឯកជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន។
ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមការងារ ក៏ដូចប្រជាពលរដ្ឋបន្តរក្សាស្មារតីរឹងមាំរួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងប្តេជ្ញាបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តចូលរួមក្នុងបុព្វហេតុការពារជាតិ និងបន្តជឿជាក់លើចំណាត់ការរបស់រដ្ឋាភិបាល ដែលបានខិតខំដោះស្រាយបញ្ហាជម្លោះព្រំដែនប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពអត់ធ្មត់ខ្ពស់។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សិស្សានុសិស្ស និងសាលារៀន នៅតាមបណ្ដាស្រុកជាប់ព្រំដែន កំពុងរងផលប៉ះពាល់ និងរងគ្រោះដោយសារការវាយប្រហារពីយោធាឈ្លានពានថៃ។ គិតរហូតពេលនេះ សិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋ បានជម្លៀសខ្លួនពីហានិភ័យដោយសារសង្គ្រាមមកស្នាក់នៅតាមជំរំនានាដែលរៀបចំដោយអាជ្ញាធរខេត្ត។
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការបង្រៀន និងរៀនបណ្ដោះអាសន្ននៅតាមសាលារៀនក្នុងតំបន់ផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ ចំនួន៦ ខេត្តរួមមាន ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កោះ និងខេត្តបាត់ដំបង ដែលបាននិងកំពុងរងផលប៉ះពាល់ដោយការបាញ់ប្រហារឈ្លានពានពីភាគីថៃ។
គិតត្រឹមព្រឹកថ្ងៃពុធ គ្រឹះស្ថានសិក្សាស្ថិតក្នុងខេត្តជាប់ព្រំដែនទាំង៦ បានបិទទ្វារជាបន្តបន្ទាប់ចំនួន ៦៣៥ សាលារៀន និងបន្តរងផលប៉ះពាល់ដល់គ្រូបង្រៀនចំនួន ៥ ៤៤១នាក់ និងសិស្សចំនួន ១៦៣ ៥២៨នាក់។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា ក្រសួងបានពិភាក្សាប្រមូលធាតុចូលដើម្បីឈានទៅដាក់ចេញវិធានការឆ្លើយតបបន្ទាន់ក្នុងការជួយគាំទ្រ និងសម្របសម្រួលស្ថានភាព ព្រមទាំងធានាបាននូវសុខសុវត្ថិភាពរបស់បុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្ស៕
