ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយដែលដាក់ចេញវិធានការសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងកងកម្លាំងទាហ៊ានដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងតែបន្ត។

សេចក្តីណែនាំនេះ ដែលចេញផ្សាយកាលពីម្សិលមិញ ធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ទាហាននៅជួរមុខ និងជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយការកើនឡើងនៃជម្លោះ។ ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា វិធានការទាំងនេះកំពុងត្រូវបានអនុវត្តក្នុងស្មារតីសាមគ្គីភាព និងការគាំទ្រមនុស្សធម៌ក្នុងអំឡុងពេលប្រទេសជួបការលំបាក។

យោងតាមសេចក្តីណែនាំ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុត្រូវបានណែនាំឱ្យអនុគ្រោះដល់អ្នកភៀសខ្លួន។ នេះរួមបញ្ចូលទាំងការលើកលែងរាល់កម្រៃ និងការពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ ក៏ដូចជាលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមក្នុងរយៈពេលដូចគ្នា។ ធនាគារជាតិនៃកម្ពុជាបានសង្កត់ធ្ងន់ថា ស្ថាប័ននានាមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមក្នុងអំឡុងពេលនេះទេ។

ការបន្ធូរបន្ថយបន្ថែមទៀតគឺដល់អតិថិជនជាទាហានដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធនាគារជាតិនៃកម្ពុជាបានណែនាំស្ថាប័ននានាឱ្យលុបចោលឥណទានរហូតដល់១០លានរៀលរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន។ សម្រាប់គ្រួសាររបស់ទាហានដែលបានស្លាប់ ឥណទានរហូតដល់ ៨០ លានរៀលនឹងត្រូវបានលុបចោល។

លើសពីនេះ ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់បន្តការអនុវត្តរៀបចំឥណទានឡើងវិញសម្រាប់អ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ផ្សេងទៀតស្របតាមបទប្បញ្ញត្តិដែលមានស្រាប់។ ធនាគារជាតិក៏លើកទឹកចិត្តដល់ការផ្តល់ការអនុគ្រោះបន្ថែមផងដែរ តាមលទ្ធភាពជាក់ស្តែង ដល់ជនស៊ីវិលដែលត្រូវបានផ្លាស់ទីលំនៅ ឬរងរបួសដោយជម្លោះព្រំដែន និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់នៅក្នុងសមរភូមិប្រយុទ្ធ។

ធនាគារជាតិនៃកម្ពុជាបានសង្កត់ធ្ងន់ថា ស្ថាប័នធនាគារ និងហិរញ្ញវត្ថុទាំងអស់ត្រូវតែចាប់ផ្តើមអនុវត្តសេចក្តីណែនាំនេះភ្លាមៗបន្ទាប់ពីចុះហត្ថលេខា ដោយធានាការគាំទ្រទាន់ពេលវេលាដល់អ្នកដែលកំពុងជួបការលំបាក ខណៈដែលភាពតានតឹងនៅតាមព្រំដែននៅតែបន្តកើតមាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអនុវត្តវិធានការសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ និងយោធិនដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

ការប្រកាសនេះធ្វើឡើងចំពេលមានភាពតានតឹងឡើងវិញតាមបណ្តោយព្រំដែន ដែលជីវភាពរស់នៅរបស់គ្រួសារជាច្រើនត្រូវបានរំខាន។ សមាគមទាំងពីរបានអោយដឹងថា ពួកគេបន្តអនុវត្ត «វិធានការសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ» ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមការណែនាំបន្ថែមពីធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាល។

សមាគមទាំងពីរបានគូសបញ្ជាក់ថា វិធានការទាំងនេះត្រូវបានផ្អែកលើគោលការណ៍នៃសាមគ្គីភាពមនុស្សធម៌ ដោយកត់សម្គាល់ថា ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គភាពហិរញ្ញវត្ថុផ្សេងទៀតដែលជាសមាជិកខ្លួននៅតែប្តេជ្ញាចិត្តក្នុងការសម្រាលភាពតានតឹងផ្នែកហិរញ្ញវត្ថុសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ និងយោធិនដែលប្រត្តិបត្តិការដោយផ្ទាល់នៅក្នុងសមរភូមិប្រយុទ្ធ។

លោក កាំង តុងងី អ្នកនាំពាក្យរបស់ CMA បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់វិស័យនេះក្នុងការជួយសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកត់សម្គាល់ថាស្ថាប័នហិរញ្ញវត្ថុនៅតែប្តេជ្ញាអនុវត្តការជួយសម្រួលដែលដាក់ចេញដោយធនគារជាតិនៃកម្ពុជា។

ថ្លែងទៅកាន់កាសែតខ្មែរថាមស៍ លោកបានបន្ថែមថា CMA និង ABC ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ និងទាហានដែលរងផលប៉ះពាល់ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដែលជាលទ្ធផលនៃការឈ្លានពានរបស់ប្រទេសថៃចូលទៅក្នុងទឹកដីកម្ពុជា។

លោកបានមានប្រសាសន៍ថា “សមាគមទាំងពីរមានឆន្ទៈក្នុងការជួយប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ”។ “យើងជឿជាក់ថាការណែនាំថ្មីនេះនឹងត្រូវអនុវត្តរួមគ្នាដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់”។

លោកបានបន្ថែមថា សមាគមកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍ ជាពិសេសការជម្លៀសប្រជាជនទៅកាន់តំបន់ដែលមានសុវត្ថិភាព។ ការយកចិត្តទុកដាក់ក៏កំពុងត្រូវបានផ្តល់ទៅឱ្យការធានាសុវត្ថិភាពរបស់បុគ្គលិកដែលធ្វើការឱ្យធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលប្រតិបត្តិការនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។

លោកបានមានប្រសាសន៍ថា “បច្ចុប្បន្នយើងកំពុងតាមដានស្ថានភាពបន្ថែមទៀត ទាក់ទងនឹងការជម្លៀសប្រជាជនទៅកាន់ទីតាំងសុវត្ថិភាព រួមទាំងបុគ្គលិកធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយធានាថាពួកគេរកបានទីតាំងសុវត្ថិភាពផងដែរ”។

ចំពោះការរៀបចំឥណទានឡើងវិញ លោកបានបញ្ជាក់ថា គោលនយោបាយដែលមានស្រាប់នៅតែមានសុពលភាព ហើយបន្តណែនាំអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ដោយជម្លោះ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ABC និង NBC ដើម្បីធានាថា វិធានការសង្គ្រោះផ្នែកហិរញ្ញវត្ថុនៅតែបន្តជួយទៅដល់សហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីជម្លោះ។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed