ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយឈ្មោះ NSSF Self Service ដោយខ្លួនឯងចំនួន៣២គ្រឿង នៅតាមមន្ទីរពេទ្យជាតិចំនួន១២ នៅក្នុងរាជធានីភ្នំពេញ។

ម៉ាស៊ីន NSSF Self Service គឺជាជាម៉ាស៊ីនស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យសមាជិក ប.ស.ស. ដែលជាម្ចាស់បណ្ណអាចព្រីនទម្រង់ប្រើប្រាស់សេវារបស់ខ្លួនបានយ៉ាងងាយស្រួល និងឆាប់រហ័ស នៅតាមមន្ទីរពេទ្យក្នុងតំបន់ដែលបានតម្លើងម៉ាស៊ីនស្វ័យប្រវត្តិរួចរាល់។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នម៉ាស៊ីន NSSF Self Service បានដាក់បំពាក់នៅតាមបណ្តាមន្ទីរពេទ្យជាតិចំនួន១២ ដែលមានសរុបចំនួន ៣២គ្រឿង។
លោកបន្ថែមថា ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្វ័យសេវា ប.ស.ស. គឺជាជំហានសំខាន់ក្នុងការពន្លឿនផ្តល់សេវាសាធារណៈឱ្យកាន់តែលឿន រហ័ស មានតម្លាភាព និងងាយស្រួលសម្រាប់សមាជិកប្រើប្រាស់សេវា ប.ស.ស.។ ប្រព័ន្ធនេះមិនត្រឹមជួយកាត់បន្ថយពេលវេលារង់ចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការការក្លែងបន្លំព័ត៌មាន និងធានាសមាជិក ប.ស.ស. ទទួលបានសេវាត្រឹមត្រូវតាមលំដាប់។
ក្រសួងការងារ និងវិជ្ជាជីវៈ បានបញ្ជាក់ថា ម៉ាស៊ីន NSSF Self Service មានសារៈប្រយោជន៍ជាច្រើនរួមមាន សមាជិកអាចព្រីនទម្រង់ប្រើប្រាស់សេវាដោយខ្លួនឯង សេវាលឿន រហ័ស និងទាន់ពេលវេលា កាត់បន្ថយការក្លែងបន្លំ សមាជិកអាចទទួលសេវាតាមលំដាប់ មន្ទីរពេទ្យមិនចាំបាច់ធ្វើការចុះឈ្មោះម្ដងទៀត និងផ្ដល់ភាពរហ័យដល់ការទូទាត់ដល់មូលដ្ឋានសុខាភិបាល។
អ្នកស្រី មាន សុខហេង កម្មការិនីរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ និងកំពុងប្រើប្រាស់បណ្ណ ប.ស.ស. ពុំទាន់ស្គាល់ម៉ាស៊ីន NSSF Self Service ឬសាកល្បងប្រើនៅឡើយ ប៉ុន្តែសង្ឃឹមថា ម៉ាស៊ីននេះនឹងបម្រើប្រយោជន៍ដោយស្មើភាពគ្នាចំពោះអ្នកប្រើប្រាស់បណ្ណ ប.ស.ស. ប្រកបដោយប្រសិទ្ធភាព និងរហ័សទាន់ចិត្តក្នុងការផ្ដល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានា។
អ្នកស្រីបន្ថែមថា បច្ចុប្បន្នការស្វែងរកសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដែលប្រើប្រាស់បណ្ណ ប.ស.ស. តែងជួបប្រទះភាពយឺតយ៉ាវ និងដំណើរការស្មុគ្រស្មាញ ពិសេសប្រើប្រាស់ពេលវេលាយូរ គឺមិនលឿនដូចអ្នកប្រើប្រាស់ថវិកានោះទេ។ ទោះយ៉ាងណានៅថ្ងៃអនាគតអ្នកស្រីសង្ឃឹមថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. និងអ្នកប្រើប្រាស់សាច់ប្រាក់ផ្ទាល់ គឺទទួលការថែទាំសុខភាពបានរហ័សទាន់ចិត្តដោយស្មើភាពគ្នា។
អ្នកស្រីក៏មិនភ្លេចអរគុណដល់រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ព័ន្ធដែលបានធ្វើទំនើបកម្មប្រព័ន្ធប្រើប្រាស់បណ្ណ ប.ស.ស. ពិសេសការពង្រីកដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន NSSF Self Service សម្រាប់សមាជិកគ្រប់រូបអាចប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គមបច្ចុប្បន្ន និងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនៅលើពិភពលោក។
កាលពីខែមករា ឆ្នាំ២០២៦ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានទទួលម៉ាស៊ីនស្វ័យសេវាចំនួន ៥គ្រឿង ក្រោមការឧបត្ថម្ភដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។
ក្នុងពិធីប្រគល់ និងទទួលម៉ាស៊ីនស្វ័យសេវាខាងលើនេះ លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលបានផ្ដល់ជំនួយម៉ាស៊ីនស្វ័យសេវា (Self-service Kiosk) ចំនួន ៥គ្រឿង ដល់ ប.ស.ស. សម្រាប់ដាក់ឱ្យប្រើប្រាស់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដែលជាដៃគូ ប.ស.ស.។
លោកបានបញ្ជាក់ថា ការឧបត្ថម្ភគាំទ្រពីសំណាក់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ដែលអាចឆ្លើយតបចំគោលដៅរបស់ ប.ស.ស. នៃបរិវត្តកម្មឌីជីថលក្នុងវិស័យសន្តិសុខសង្គម ដែលនឹងជួយលើកកម្ពស់នៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។
ក្នុងនោះសមាជិក ប.ស.ស. អាចចុះឈ្មោះប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដៃគូបានដោយខ្លួនឯង និងអាចកាត់បន្ថយការរង់ចាំយូរ ពិសេសការកកស្ទះនៅពេលមានសមាជិកច្រើនទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ។
ក្នុងពិធីប្រគល់ និងទទួលម៉ាស៊ីនស្វ័យសេវានេះ មានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. និងតំណាងរបស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលដឹកនាំដោយលោកស្រី Kristina Knispel នាយកកម្មវិធីនៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ដែលប្រព្រឹត្តនៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ៕
