សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន រួមទាំងសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ខណៈដែលច្បាប់ចាស់ត្រូវបានអនុម័តតាំងពីឆ្នាំ២០០៦ ប៉ុន្តែមិនទាន់អនុវត្តជាក់ស្តែងអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។

ការលើកយកមកពិនិត្យឡើងវិញនៅពេលនេះ ជាជំហានដ៏សំខាន់មួយសម្រាប់ការកែសម្រួលច្បាប់សមស្របនឹងស្ថានភាពសន្តិសុខ និងតម្រូវការការពារជាតិរបស់កម្ពុជានាពេលបច្ចុប្បន្ន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជាយល់ថា តាមស្ថានភាពបច្ចុប្បន្ន គឺសមស្របសម្រាប់ការអនុវត្តច្បាប់កាតព្វកិច្ចយោធា។ ច្បាប់នេះមានសារៈសំខាន់ណាស់នៅពេលនេះ ដោយសារតែប្រទេសកម្ពុជាបានទទួលរងការឈ្លានពានពីប្រទេសថៃ។ ដូច្នេះកិច្ចការដ៏ចាំបាច់មួយរបស់រដ្ឋាភិបាល គឺការអភិវឌ្ឍសមត្ថភាពវិស័យការពារជាតិ។
លោកបាននិយាយថា ការចាប់ផ្ដើមពិនិត្យលើសេចក្តីព្រាងច្បាប់នេះ ជាសញ្ញាប្រកាសប្រាប់យុវជនត្រៀមខ្លួនបំពេញកាតព្វកិច្ចការពារជាតិ ដើម្បីបង្ហាញមនសិការស្នេហាជាតិ និងកិត្តិយខ្លួនឯងនិងក្រុមគ្រូសារ។ ទន្ទឹមនឹងនេះ លោកបានណែនាំថា ដើម្បីលើកទឹកចិត្តការចូលរួមពីយុវជន រដ្ឋាភិបាលត្រូវធានាថាការអនុវត្តច្បាប់នេះមានតម្លាភាព ត្រឹមត្រូវ និងគ្មានអំពើពុករលួយ។
ច្បាប់កាតព្វកិច្ចយោធាដែលប្រកាសប្រើដោយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅឆ្នាំ២០០៦ មាន៦ជំពូក និង១៨មាត្រា។ ច្បាប់នេះបានចែងថា ពលរដ្ឋខ្មែរទាំងពីរភេទអាយុចន្លោះពី១៨ ដល់៣០ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល១៨ខែតាមការកំណត់នៃច្បាប់ ខណៈស្ត្រីអាចចូលរួមតាមការស្ម័គ្រចិត្ត ហើយមានការលើកលែងចំពោះព្រះសង្ឃ និងអ្នកដែលមិនមានសមត្ថភាពរាងកាយគ្រប់គ្រាន់។
ថ្លែងក្នុងពិធីអបអរសាទរខួបទិវាកងរាជអាវុធហត្ថកាលពីខែកក្ដដាឆ្នាំ២០២៥ លោកនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជានឹងចាប់ផ្តើមអនុវត្តច្បាប់ច្បាប់កាតព្វកិច្ចយោធាសម្រាប់ប្រជាពលរដ្ឋខ្មែរនៅឆ្នាំ២០២៦តទៅ។ នៅពេលនោះ លោកបានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ដើម្បីធានាថា ច្បាប់នេះមានភាពសមស្របនឹងស្ថានភាពសង្គមបច្ចុប្បន្ន។
តាមការបញ្ជាក់របស់លោក យុវជនដែលមានអាយុចន្លោះពី១៨ ដល់៣០ឆ្នាំនឹងត្រូវចូលរួមបំពេញកាតព្វកិច្ចយោធា ដោយទទួលការហ្វឹកហ្វឺនរយៈពេលពីរឆ្នាំក្នុងវិស័យការពារជាតិ។ ច្បាប់នេះមានគោលបំណងបង្កើនទាំងបរិមាណ និងគុណភាពកងទ័ពជាតិ។
លោកបានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់នេះនឹងជួយបង្កើនធនធានមនុស្សគ្រប់គ្រាន់សម្រាប់បំពេញសាច់ទ័ព និងមិនខ្វះកម្លាំងយោធាសម្រាប់អនាគត។ លើសពីនេះ ការជ្រើសរើសកងទ័ពកាន់តែងាយស្រួលនិងមានប្រសិទ្ធភាពដោយអាចជ្រើសរើសពីអ្នកដែលបានបំពេញកាតព្វកិច្ចរួច។
លោកបានបន្ថែមថា ច្បាប់នេះងាយស្រួលដល់ការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ អ្នកដែលមិនត្រូវជ្រើសរើសចូលកងទ័ព ក្រោយពេលបំពេញកាតព្វកិច្ចយោធាហើយ ពួកគេអាចត្រឡប់ចូលទៅក្នុងសង្គមវិញជាមួយនឹងចំណេះដឹង ជំនាញ និងវិន័យដែលបាទទទួលពីការហ្វឹកហ្វឺន៕
