
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ តាំងពី រសៀល រហូតដល់ ម៉ោង ០៨៖៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ។


ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះធ្វើប្រតិបត្តិការ សង្រ្គោះ និងជម្លៀស ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង នៅចំណុច ផ្លូវសណ្តរស្ទឹង ទំនប់៧មករា ស្ថិតក្នុង ភូមិខ្វិត និងភូមិពោធិរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដោយប្រើប្រាស់មធ្យោបាយទូកម៉ាស៊ីនចំនួន ៥ គ្រឿង បានជួយដល់មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីឆ្លងទន្លេ និងកុមារ រួមនឹងសម្ភារៈចាំបាច់មួយចំនួន ប្រកបដោយសុវត្ថិភាព។


ប្រតិបត្តិការដ៏ឆាប់រហ័សនេះ ក៏ដោយសារកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមលក្ខណៈ រួចជាស្រេច ទាំងកម្លាំងមនុស្ស មធ្យោបាយ សម្ភារៈ ត្រៀមចេញជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ក្រោមស្មារតីម្ចាស់ការខ្ពស់៕

Leave a Reply