សំណុំរឿងឃាតកម្ម​កាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ …..

សំណុំរឿងឃាតកម្ម​កាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ បាញ់​សម្លាប់​ម្ចាស់​បំណុល​ដោយសាតែអត់មានប្រាក់សង ត្រូវបានក្រុមប្រឹក្សាតុលាការ លើកយក​មកកាត់ទោស នៅភ្នំពេញ
(១១.មករា.២០២២)

ភ្នំពេញ ÷កាលពីរសៀលថ្ងៃទី ១០ មករា ឆ្នាំ២០២២នេះ សំណុំរឿងឃាតកម្ម​កាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ បាញ់​សម្លាប់​ម្ចាស់​បំណុល​ដោយសាតែអត់មានប្រាក់សង ត្រូវបានក្រុមប្រឹក្សាតុលាការលើកយក​មកកាត់ទោស ។

តុលាការបានចោទប្រកាន់ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ អាយុ ៣២ឆ្នាំ ពីបទឃាតកម្ម និងបទកាន់កាប់ រក្សាទុកនិងប្រើប្រាសអាវុធដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ នៅខណ្ឌកំបូល តាមមាត្រា ២០០ និងមាត្រា ៤៩០ និងមាត្រា ២៩ នៃក្រមព្រហ្មទ័ណ្ឌ។

ជនរងគ្រោះក្នុងអំពើឃាតកម្មឈ្មោះ នៅ ចំណាន អាយុ ៤៥ឆ្នាំ មុខរបរគួកជេ ដី រថយន្តម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះមែន ដោយសារតែខ្លួនគេជំពាក់បំណុលជនរងគ្រោះទាំងដើម ទាំងកាប្រាក់ប្រមាណ ៣០​ម៉ឺនដុល្លារ ហើយពុំមានលទ្ធភាពសងវិញ ទើបខ្ចីកាំភ្លើងខ្លីពីឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ ជាបក្ខពួក យកទៅបាញ់សម្លាប់ជនរងគ្រោះ ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងនៅកន្លែងស្ងាត់។

តាមចម្លើយសារភាពរបស់ជនដៃដល់ តំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ឋាន​តម្កល់​ទុកបទចោទប្រកាន់ឱ្យនៅដដែល ហើយស្នើឱ្យក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់។ ក្រុមប្រឹក្សាជំនុំជម្រះបានកំណត់យកថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២២ខាងមុខ ដើម្បីប្រកាសសាលក្រម៕

Leave a Reply

Your email address will not be published. Required fields are marked *