
សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឃើញកម្មវិធី ប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Kid Cambodia រដូវកាលទី៣ ដោយក្នុងនោះមានកុមារីម្នាក់ ឈ្មោះ ថា ស្រីណុច អាយុ១៣ឆ្នាំ មកពីភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានចូលរួមប្រឡងក្នុងវិធីនោះត្រឹមវគ្គ The Voice Blind Auditions(វគ្គគោះប៊ូតុង)ដោយបានដឹងពីភាពក្រលំបាកក្នុងជីវភាពរបស់កុមារីស្រីណុច។


នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រប់គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អមដំណើរដោយ ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី នាំយកអំណោយមានគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារស្រីណុច។

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានកោតសសើរនៅភាពក្លាហានរបស់ស្រីណុច និងការព្យាយាមតស៊ូ ក្នុងការសិក្សារៀនសូត្ររហូតមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia កុមារីរូបនេះបានព្យាយាមពុះពារគ្រប់ឧបសគ្គ ដើម្បីក្តីស្រម៉ៃរបស់ខ្លួនស្របពេលដែលក្រុមគ្រួសារកំពុងជួបការលំបាក។
បន្ទាប់ពីបានទទួលអំណោយដ៏សប្បុរសធម៌នេះ កុមារី ស្រីណុច និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ដោយមិនស្មានថាមាតាមនុស្សធម៌ នៃកម្ពុជា បានគិតគូរដល់ក្រុមគ្រួសាររបស់នាង ស្របពេលដែលឪពុកម្តាយក៏កំពុងមានជំងឺប្រចាំកាយទៀត។
សូមជម្រាបថាអំណោយដែលប្រគល់ជូនគ្រួសារកុមារី ថា ស្រីណុច នាពេលនេះរួមមាន ៖ អង្ករ ១០០ គីឡូក្រាម មី ២កេស ត្រីខ ២យួរ ឃីត ២កញ្ចប់(សារុង ក្រមា មុង ភួយ) ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួន៕

Leave a Reply