អគ្គីភ័យបានឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុង…

ភ្នំពេញ÷រថយន្តមួយគ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុង ដោយសារឆ្លងចរន្តអគ្គីស បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច យករថយន្តបង្កា និង ពន្លត់អគ្គីភ័យចេញអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងពហុកីឡាដ្ឋានជាតិ អូឡាំពិក ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញផ្សែងចេញពីរថយន្តមួយគ្រឿង ម៉ាក Mercedes ពណ៌ស គ្មានស្លាកលេខ ដែលចតទុកចោល រហូតបង្កជាអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋ និង សន្តិសុខបម្រើការងារនៅខាងក្នុង ពហុកីឡាដ្ឋាន បានរាយការណ៍កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួចទំនាក់ទំនងទៅកម្លាំងជំនាញ បង្កា និង ពន្លត់អគ្គីភ័យ ដើម្បីចេញជួយអន្តរាគមន៍។

បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម រថយន្ត បង្កា និង ពន្លត់អគ្គីភ័យ របស់ទីក្រុងអូឡាំព្យាចំនួន២គ្រឿងបានចេញទៅដល់ទីតាំងកើតហេតុ រួចបានធ្វើការបាញ់ពន្លត់ភ្លាមៗ ដោយមិនបង្កឲ្យឆាបឆេះរាលដាល និង បង្កឲ្យនរណាម្នាក់រងរបួសនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *