រៀនចិញ្ចឹម កន្ធាយ

សត្វកន្ធាយ ជាប្រភេទសត្វទឹកសាប អាចរស់នៅ ក្នុងត្រពាំង ស្រះ បឹងបួរ ព្រែក ប្រឡាយ នានា នៅទូទាំងប្រទេសកម្ពុជាយើង។ កន្ធាយ​ក៏ត្រូវបាន​​យកមកធ្វើជាអាហារផងដែរ​ ដោយសារ តម្រូវការ ហូបចុកកើនឡើង ការស្វែងរកកន្ធាយ ធម្មជាតិ មានការពិបាក ដូច្នេះ ហើយ ធ្វើ​ឲ្យកសិករ ចាប់ផ្តើមចិញ្ចឹមសត្វកន្ធាយ ដើម្បីផ្គត់ផ្គង់ទីផ្សារ​ ក្នុងស្រុក​ កន្ធាយមិនសូវពិបាកចិញ្ចឹមតែក៏ទាមទារ​​ការយកចិត្តទុកដាក់​ខ្ពស់​ ហើយការចិញ្ចឹមវិញសូមមើលដូចតទៅ ៖

ការជ្រើសរើសពូជ

  • ត្រូវជ្រើសរើសកូនពូជណា ដែលមានកម្លាំងមាំមួន
  • កូនដែលមានរូបរាងស្អាតល្អ
  • មិនមានរបួស ឬរលាត់សាច់ជាដើម
  • យកពូជដែល មានទម្ងន់១០០ក្រាម សម្រាប់មកចិញ្ចឹម មិនមានជម្ងឺ ហើយយកប៉ុនៗគ្នា
  • ការចិញ្ចឹមក្នុងចន្លោះខែកុម្ភៈ ដល់ឧសភាទើបល្អ
  • អត្រាចិញ្ចឹមគឺ ៤-៥ក្បាល ក្នុង១ម៉ែត្រការេ ត្រូវលែងកូន​កន្ធាយក្នុង​សំណាញ់​ប្រមាណ១អាទិត្យ​សិនមុននឹង​ដាក់ក្នុងស្រះ ដើម្បី​ពិនិត្យ​មើល​កូន​ណា​ដែល​មិន​ល្អយកចេញ។
  • ការរៀបចំអាងចិញ្ចឹមកន្ធាយ

    • អាងធ្វើអំពីឥដ្ឋ និងក្រាលស៊ីម៉ង់ត៍
    • កំពស់អាង១.២ម៉ែត្រ
    • មុនពេលលែងកូនពូជត្រូវសំអាតអាង
    • អាងចិញ្ចឹមកន្ធាយចាំបាច់មានផ្ទៃក្រឡាជាង១០ម៉ែត្រការ៉េឡើងទៅ
    • កម្រិតទឹកមានជម្រៅ០,៦ទៅ១ម៉ែត្រ
    • ត្រូវមានលូបញ្ចេញទឹក មាត់បើកដោយសំណាញ់ដែក ដើម្បីរក្សាកម្រិត​ទឹកឲ្យស្ថិត​នៅក្នុង​កម្រិត​ខ្ពស់បំផុត ហើយមានលូបង្ហូរទឹកនៅបាតអាង
    • ជុំវិញអាងគប្បីទុកចន្លោះដីទំនេ មានម្លប់ត្រជាក់ ហើយធ្វើស្ពាន​សម្រាប់​កន្ធាយ​វារពីអាង​ទៅដីគោក

    ការរៀបចំស្រះសម្រាប់កន្ធាយបំប៉នសាច់

    • ជ្រើសរើសស្រះដែលមានទំហំ ១០០ម៉ែត្រការេឡើង ជម្រៅ ១-២ម៉ែត្រ កម្រិតទឹកថ្លាខាងលើប្រមាណ ៣០ស.ម
    • ជ្រើរើសទីកន្លែងដែលស្ងប់ស្ងាត់ ជិតផ្ទះងាយស្រួលផ្គត់ផ្គង់ទឹក ការពារ និងឲ្យចំណី រួចយកស័ង្កសី ឬសំណាញ់ ដាក់ព័ទ្ធជុំវិញ ប្រមាណ១​ម៉ែត្រ​ពី​មាត់​ស្រះ ដើម្បីកុំឲ្យវាឡើងចេញ
    • អាចដាំដើមដំណាំហូបផ្លែ នៅតាមមាត់ស្រះ ដើម្បីជាម្លប់ដល់កន្ធាយ និងដាក់ដាំត្រកួន កំប្លោក កញ្ឆែតក្នុងស្រះផងដែរ
    • ត្រូវរៀបចំកន្លែង ដែលមានដាក់បន្ទះឬស្សី រាងទេរបន្តិច ដើម្បីឲ្យវាឡើងហាលថ្ងៃបាន
    • បាតស្រះត្រូវមានភក់ កំរាស់ប្រមាណ១០-២០ស.ម រួចដាក់ទឹកបញ្ចូលជិតពេញស្រះ ហើយបាចកំបោរសប្រមាណ១គ.ក្រ ទុកចោលប្រមាណ២អាទិត្យ រួចយកថ្នាំសម្អាតទឹក យកចាក់ចូលស្រះ ១អាទិត្យក្រោយទើបអាចលែហកូនបាន
    • អាចរៀបចំជាស្រះស៊ីម៉ងត៍ ក៏បានទៅតាមលទ្ធភាព។

    ដង់ស៊ីតេសត្វកន្ធាយ

    • កូនកន្ធាយ៖ ដង់ស៊ីតេចិញ្ចឹមកូនកន្ធាយពូជ មានទម្ងន់ពី ៥០-១០០ក្រាម ត្រូវដាក់កូនពី១០-១៥ក្បាល/ម៉ែត្រការ៉េ។ កូនពូជដែលល្អបំផុតគឺមានទម្ងន់ពី១០០ក្រាមក្នុងមួយក្បាលឡើងទៅ
    • កន្ធាយបំប៉នសាច់៖ កូនពូជទម្ងន់ប្រមាណ២០០ក្រាមត្រូវលែងតែ៤-៧ក្បាល/ម៉ែត្រការ៉េ ។
  • ការផ្តល់ចំណីឲ្យសត្វកន្ធាយ

    ចំណីកូនកន្ធាយ៖

    • នៅពេលយើងដាក់កូនដំបូង យើងអាចស្ងោរដំឡូងជ្វា ផុយល្មមរួចកិនឲ្យបែកតូចៗចាក់នៅលើក្តានៅមាត់ស្រះឲ្យវាស៊ី
    • រយៈពេល១ខែក្រោយ អាចចិញ្ច្រាំដំឡូងឆៅល្អិតៗដាក់ឲ្យវា
    • មិនត្រូវផ្លាស់ប្តូរកន្លែង ដាក់ចំណីរបស់វាទេ ដើម្បីឲ្យវាចាំកន្លែងមកស៊ីចំណី ត្រូវបំបែកចំណី ទៅតាមទំហំមាត់កូនកន្ធាយ ដែលវាអាចស៊ី។
    • ស្នូកដាក់ចំណី ត្រូវដាក់នៅនឹងកន្លែងមួយ ឲ្យស្ថិតនៅលើទឹក២០ស.ម មុនពេលឲ្យកូនកន្ធាយស៊ី ត្រូវសម្អាតឲ្យបានស្អាត។

    ចំណីកន្ធាយបំប៉នសាច់៖

    • ចាប់ពី៣ខែក្រោយ យើងអាចដាក់ចំណី ឲ្យវាស៊ីមានដូចជា សត្វល្អិតរស់ក្នុងទឹក កំពិស ត្រី ជន្លេន លាស ក្តាម និងកង្កែប ឬផ្លែឈើ និងគ្រាប់រុក្ខជាតិផ្សេងៗ
    • អាចចិញ្ចឹមត្រីតូចៗក្នុងស្រះជាដើម
    • ចំណីច្នៃមានដូចជា កន្ទក់ សណ្តែកសៀងកិន ម្សៅត្រីដែលមិនប្រឡាក់ប្រៃ
    • បិរិមាណចំណី ឲ្យវាស៊ីប្រមាណ ៥-៨% នៃទម្ងន់ខ្លួនកន្ធាយ ឲ្យវាស៊ី២-៣ដងក្នុង១ថ្ងៃ និងមិនត្រូវដាក់លើស ឬខ្វះ
    • សម្រាប់វដូវវស្សា អាចបើកមាត់ស្រះសងខាង រួចយកសំណាញ់ ដាក់ទប់កុំឲ្យកន្ធាយចេញរួច វិធីនេះអាចឲ្យត្រី និងសត្វផ្សេងៗ នៅក្នុងទឹកចូលមកក្នុងស្រះ ដើម្បីជាចំណីរបស់វា ដែលអាចបានរយៈពេល២ឬ៣ខែដែរ។

    បរិមាណចំណីដែលផ្គត់ផ្គង់រាល់ថ្ងៃឲ្យកន្ធាយ គឺប្រមាណពី៥ទៅ៨ភាគរយនៃទម្ងន់កន្ធាយដែលមាននៅក្នុងអាង

    ការថែទាំសត្វកន្ធាយ

    ការទំាំថែកូនកន្ធាយ

    • ត្រូវរកកំប្លោកដាក់លើផ្ទៃទឹកផង ដើម្បីឲ្យទឹកថ្លាត្រជាក់ កូនកន្ធាយហែលតោងលេងបាន
    • កូនកន្ធាយមួយក្បាលមានតម្លៃជិត៤ពាន់រៀល គេត្រូវតែយកចិត្តទុកដាក់មើលថែ
    • ក្នុងរយៈពេលបីខែដំបូង ព្រោះវាទើបតែរៀនសុីចំណីនិងទើបបន្សាំងនៅស្រះថ្មី
    • រយៈពេលបីខែនេះកូនកន្ធាយសុីតែសាច់ត្រីដែលគេវះយកឆ្អឹងចេញមួយមុខគត់
    • ក្រោយពីនោះគេអាចលាយសាច់ត្រីជាមួយនិងកន្ទក់បុកជាមួយត្រកួនដើម្បីឲ្យវាសុីបានរហូតដល់ធំ ។
    • យើងមិនត្រូវដាក់ចំណី ត្រីផ្សេងៗដែលស្អុយឲ្យវាស៊ីនោះទេដែលបណ្តាលឲ្យវាកើតជម្ងឺពោះវៀន
    • យើអាចចាប់វាមកខ្វេះលាងសម្អាតកន្លែងដែលមានជម្ងឺចេញ រួចដាក់ថ្នាំ ទុក២០នាទីទើបដាក់ចូលស្រះវិញ
    • ត្រូវបូមទឹកចេញទាំងអស់រួចចាប់កន្ធាយ មកពិនិត្យជម្ងឺ និងលាងសម្អាតវារាល់៤ខែម្តង និងត្រូវដាក់ថ្នាំសម្អាតទឹកផង
    • ទឹកអាងត្រូវស្អាតជានិច្ចមិនត្រូវទុកឲ្យស្អុយក្រខ្វក់ទេ
    • បើចិញ្ចឹមនៅរដូវរងា ត្រូវមានវិធានការទប់ទល់និងភាពត្រជាក់ដល់សត្វកន្ធាយ។

    ការថែបំប៉នកន្ធាយសាច់

    • រយៈពេល១២ខែនៃការចិញ្ចឹមនេះ ត្រូវផ្លាស់ទឹកឲ្យបានទៀងទាត់ក្នុងរយៈពេលមួយខែឬពីរខែម្តង ដើម្បីកុំឲ្យទឹកស្អុយនិងមានជាតិពុលដែលអាចធ្វើឲ្យកូនកន្ធាយមានជំងឺដំបៅខ្នងពិបាកនិងព្យាបាល ។
    • ត្រូវរៀបចំលម្អមាត់ស្រះ ដោយដាំបន្លែនិងស្លឹកគ្រៃក្នុងរបាំងស័ង្កសីផ្នែកខាងក្នុងនៃស្រះទឹក ដើម្បីឲ្យកន្ធាយ ឡើងទៅពងកូនឬកំដៅថ្ងៃ ។
    • ត្រូវផ្តល់ចំណីឲ្យទៀងទាត់គឺក្នុងមួយថ្ងៃម្តង ហើយផ្តល់ក្នុងបរិមាណសមល្មមកូនកន្ធាយសុីអស់មិនសល់ ។
    • ចំណីក្នុងទកបង្កឲ្យខូចគុណភាពទឹកតាមស្រះចិញ្ចឹមនិមួយៗ ។
    • កន្ធាយត្រូវការភាពស្ងប់ស្ងាត់ មិនមានការរំខានពីមនុស្ស ឬសត្វផ្សេងៗឡើយ
    • ត្រូវរក្សាភាពស្ងប់ស្ងាត់ ការបង្ហូទឹកនិងបង់សំណាញ់ចាប់កុំបង្កភាពភ័យរន្ធត់ដល់កន្ធាយ

    បញ្ហាប្រឈមរបស់សត្វកន្ធាយ

    • ដើម្បីកុំឲ្យទឹកស្អុយ និងមានជាតិពុល វាអាចធ្វើឲ្យកូនកន្ធាយមានជំងឺដំបៅខ្នង ពិបាកនិងព្យាបាល ។
    • ការចិញ្ចឹមកន្ធាយ ឲ្យបានជោគជ័យនោះ ត្រូវមានវិធីសាស្ត្រថែទំាំ ក្នុងពេលចិញ្ចឹម គឺវិធីព្យាបាលនិងការពារ បានន័យថា យើងដាក់ថ្នាំការពារជម្ងឺឆ្លងក្នុងរយៈពេលបីខែម្តង ព្រោះកន្ធាយវាអាចខាំគ្នារបួសនិងបញ្ហាទឹកនេះឯង ។
    • ជម្ងឺអុចស បណ្តាលមកពីទឹកមិនស្អាត យើងត្រូវបូមទឹកចេញពីស្រះ២០% រួចបូមទឹកល្អចូលវិញ ដោយមើលតាមស្ថានភាពទឹកនៅពេលឃើញថាកខ្វក់

Leave a Reply

Your email address will not be published. Required fields are marked *